ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានដឹកនាំមន្ត្រីជំនាញជួបពិភាក្សាការងារជាមួយលោកនាយករងវិទ្យាស្ថានពហុបច្ចេកវិទ្យាកំពង់ឈើទាល និងក្រុមការងារ ដើម្បីពិភាក្សាអំពីការគាំទ្រ និងពង្រឹងការបណ្តុះបណ្តាលជំនាញទេសចរណ៍សម្រាប់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
កិច្ចពិភាក្សានេះផ្តោតសំខាន់លើការជួយពិនិត្យរៀបចំ និងកែលម្អកម្មវិធីសិក្សាជំនាញទេសចរណ៍ឱ្យមានភាពសមស្របនឹងតម្រូវការជាក់ស្តែងរបស់វិស័យទេសចរណ៍ ការពង្រឹងសមត្ថភាព និងគុណវុឌ្ឍិរបស់គ្រូបង្រៀន ការរៀបចំមាតិកាបណ្តុះបណ្តាលដែលផ្តោតលើការអនុវត្តជាក់ស្តែង ព្រមទាំងការពង្រឹងកិច្ចសហការជាមួយសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីបង្កើតឱកាសហ្វឹកហាត់ការងារ និងចុះកម្មសិក្សាសម្រាប់សិស្សានុសិស្សផងដែរ។
ជាមួយគ្នានេះ កិច្ចពិភាក្សាបានផ្តោតលើការរៀបចំយន្តការភ្ជាប់រវាង ស្ថាប័នអប់រំ វិស័យឯកជន និងទីផ្សារការងារ ដើម្បីធានាថា សិស្សដែលទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ មានចំណេះដឹង ជំនាញ និងសមត្ថភាពអនុវត្តស្របតាមស្តង់ដារវិជ្ជាជីវៈ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសក្នុងវិស័យទេសចរណ៍។
ការគាំទ្រនេះក៏ជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ឱកាសឱ្យយុវជនទទួលបានជំនាញវិជ្ជាជីវៈតាំងពីកម្រិតវិទ្យាល័យ បង្កើនសមត្ថភាពក្នុងការសិក្សាបន្ត និងត្រៀមខ្លួនចូលទីផ្សារការងារ ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅមូលដ្ឋាន និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។









