មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្រោមការឧបត្ថម្ភពីអង្គការ ស្វីសខន់ថាក់ (Swisscontact) បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញចុងភៅ (Cooking) ដោយជោគជ័យ!
នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលលើ «ជំនាញចុងភៅ» និងចែកវិញ្ញាបនបត្រដល់សិក្ខាកាមសរុបចំនួន ១៤ នាក់ (ស្រី ១០ នាក់) ក្រោមអធិបតីភាពលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ សិក្ខាកាមទាំងនោះគឺជាបុគ្គលិកមកពីអាជីវកម្ម និងសេវាកម្មទេសចរណ៍នានា។
កម្មវិធីសិក្សាបានផ្តោតសំខាន់លើទ្រឹស្តីចំនួន ១២ ម៉ូឌុល និងបច្ចេកទេសគន្លឹះក្នុងផ្នែកផ្ទះបាយ រួមមាន៖
១. វិធីសាស្ត្រចម្អិនម្ហូបតាមប្រភេទនីមួយៗ
២. ការប្រើប្រាស់រូបមន្តស្តង់ដារ (ការវាល់ និងការថ្លឹងទម្ងន់)
៣. សិល្បៈនៃការរៀបចំតុបតែងម្ហូបលើចាន
៤. ការគ្រប់គ្រងការចំណាយ និងការសន្សំសំចៃ
៥. អនាម័យ និងសុវត្ថិភាពចំណីអាហារ
៦. ការចងក្រងរូបមន្តឱ្យស្របតាមស្តង់ដារបច្ចេកទេស
៧. ការគិតគូរពីបរិស្ថាន (ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ផ្ទះបាយ)
នៅក្នុងវគ្គអនុវត្តផ្ទាល់ សិក្ខាកាមបានសិក្សារៀនសូត្រពីរបៀបចម្អិនមុខម្ហូបចម្រុះជាច្រើនដូចជា៖ ញាំគ្រឿងសមុទ្រ ភ្លាបង្គាម្រៈ ឡាបសាច់ជ្រូក ទឹកស៊ុះឆាមី ឡុកឡាក់សាច់គោ ត្រីចំហុយទឹកស៊ីអ៊ីវពិសេស អាម៉ុក ទឹកឆាម្រេចខ្ចី និងបច្ចេកទេសធ្វើទឹកជ្រលក់សម្រាប់សាច់ឆៅ និងសាច់ឆ្អិន។
ក្រោយបញ្ចប់ការសិក្សាយ៉ាងយកចិត្តទុកដាក់ ក្រោមការបង្ហាត់បង្ហាញពីលោក ម៉ៃ មេត្តា គ្រូបង្គោលមន្ទីរទេសចរណ៍ និងលោកស្រី សារឹម សុបញ្ញា គ្រូបង្គោលវិស័យឯកជន សិក្ខាកាមទាំងអស់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ សមិទ្ធផលនេះគឺជាលទ្ធផលនៃកិច្ចសហការរវាងកម្មវិធីហូកា (HoKa) នៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់អង្គការ Swisscontact។















































